សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៩

0
12649

កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៩ ។ កិច្ចប្រជុំនេះមានកាមេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ។

ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ បានធ្វើការកត់សំគាល់រួមគ្នាពីការរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងការអនុវត្ត ផែនការសកម្មភាព នៃសេចក្តីប្រកាសរួមក្នុងភាពជាដៃគូសម្រាប់ឆ្នាំ២០១៦ និង ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើបញ្ហានៅឧបទ្វីកូរ៉េ ពិសេសការបាញ់មីសីលលើកទី ៦ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ មានក្តីបារម្ភជាច្រើន។ មេដឹកនាំអាស៊ាន បានស្នើឲ្យកូរ៉េខាងជើង ត្រូវតែអនុវត្តឲ្យបានពេញលេញចំពោះសេចក្តីសំរេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មេដឹកនាំអាស៊ានក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំទី២របស់អាស៊ាន និងជាប្រទេសដែលមកបណ្តាក់ទុនទី២នៅអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន កូរ៉េ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលអាស៊ាន កូរ៉េ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគក្នុងបណ្តាប្រទេសអាស៊ាន ការជំរុញទេសចរណ៍ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ឯកឧត្តមប្រធានាធិបតី សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ចំពោះការរីកចម្រើន របស់អាស៊ាននាពេលកន្លងមក ពិសេសការឈានឆ្ពោះទៅសំរេចសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតនៃការតភ្ជាប់ក្នុងតំបន់។

ប្រមុខរដ្ឋាភិបាល អាស៊ានបានស្វាគមន៍ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ សាធារណរដ្ឋកូរ៉េ ចំពោះអាស៊ាន។ មេដឹកនាំអាស៊ាន កូរ៉េ ក៏បានចាត់ទុកថាឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌របស់អាស៊ាន កូរ៉េ ក្នុងការរួមចំណែកដល់ការពង្រឹង វប្បធម៌ អាស៊ាន កូរ៉េ ពិសេសការបង្កើតផ្ទះវប្បធម៌នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ ពេលនោះគឺជាលើកទី១ ដែលកូរ៉េ បានបង្កើតឡើងនូវផ្ទះវប្បធម៌ជាលើកដំបូងរបស់ខ្លួនផងដែរ៕

23472327_1515524528496039_6245071250030981571_n

23472727_1515524535162705_7736262718822037780_n

23559693_1515524628496029_5651252599513048452_n

Facebook Comments
Loading...